19 កុំឲ្យលួចប្លន់ឲ្យសោះ។
20 កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងឯងឡើយ។
21 កុំឲ្យលោភ ចង់បានប្រពន្ធរបស់អ្នកជិតខាងឯង ក៏កុំឲ្យចង់បានផ្ទះអ្នកជិតខាងឯង ឬចំការ ឬបាវប្រុសបាវស្រីគេ ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងឡើយ។
22 សេចក្ដីទាំងនេះ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលចេញពីកណ្តាលភ្លើង ពីពពក និងពីងងឹតសូន្យសុង នៅលើភ្នំ មកពួកជំនុំនៃឯងរាល់គ្នា ដោយសំឡេងយ៉ាងខ្លាំ ហើយមិនបានបន្ថែមអ្វីទៀតសោះ រួចទ្រង់ក៏កត់សេចក្ដីទាំងនេះនៅលើបន្ទះថ្ម២ផ្ទាំង ប្រទានមកអញ
23 កាលឯងរាល់គ្នាបានឮសំឡេងពីកណ្តាលងងឹតនោះ ក្នុងវេលាដែលភ្នំកំពុងតែឆេះ នោះឯងរាល់គ្នាបានមកឯអញ គឺពួកមេនៃពូជអំបូរឯង និងពួកចាស់ទុំផង
24 ដោយពាក្យថា មើល ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ
25 ដូច្នេះ តើហេតុដូចម្តេច បានជាយើងរាល់គ្នាត្រូវស្លាប់ឥឡូវនេះ ដ្បិតភ្លើងធំនេះ និងឆេះបន្សុសយើងរាល់គ្នាអស់រលីងទៅ បើសិនជាយើងខ្ញុំឮព្រះសៀងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងរាល់គ្នានឹងស្លាប់ហើយ