ចោទិយ‌កថា 5:20-26 KHOV

20 កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ឯង​ឡើយ។

21 កុំ​ឲ្យ​លោភ ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចំការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។

22 សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក និង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ

23 កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង និង​ពួក​ចាស់‌ទុំ​ផង

24 ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ

25 ដូច្នេះ តើ​ហេតុ​ដូច​ម្តេច បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ និង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ

26 ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ក្នុង​បណ្តា​អស់​ទាំង​មនុស្ស ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ