24 ដោយពាក្យថា មើល ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ
25 ដូច្នេះ តើហេតុដូចម្តេច បានជាយើងរាល់គ្នាត្រូវស្លាប់ឥឡូវនេះ ដ្បិតភ្លើងធំនេះ និងឆេះបន្សុសយើងរាល់គ្នាអស់រលីងទៅ បើសិនជាយើងខ្ញុំឮព្រះសៀងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងរាល់គ្នានឹងស្លាប់ហើយ
26 ដ្បិតតើមានអ្នកឯណាក្នុងបណ្តាអស់ទាំងមនុស្ស ដែលឮព្រះសៀងនៃព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាយើងខ្ញុំបានឮនេះ ហើយបានរស់នៅដូច្នេះ
27 សូមឲ្យលោកចូលទៅជិតស្តាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់មានព្រះបន្ទូលមក រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់មានព្រះបន្ទូលនឹងលោក នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាមផង។
28 ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យរបស់ឯងរាល់គ្នា ក្នុងកាលដែលឯងបាននិយាយមកអញនោះ រួចទ្រង់មានព្រះបន្ទូលមកអញថា អញបានឮពាក្យរបស់បណ្តាជនទាំងនេះ ដែលគេនិយាយមកឯងដែរ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះក៏ស្រួលហើយ
29 ឱបើសិនជាគេមានចិត្តយ៉ាងនោះជាដរាបទៅអេះ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ហើយកាន់តាមគ្រប់ទាំងបញ្ញត្តរបស់អញប្រយោជន៍ឲ្យគេ និងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ
30 ចូរទៅប្រាប់គេ ឲ្យត្រឡប់ទៅឯត្រសាលរបស់គេចុះ