ចោទិយ‌កថា 6 KHOV

ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក

1 នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក

2 ប្រយោជន៍​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្ត​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នេះ នៅ​អស់​១​ជីវិត​របស់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ហើយ​ឲ្យ​ឯង​បាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ

3 ដូច្នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចំរើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ​ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​សន្យា​នឹង​ឯង​ហើយ។

4 ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ‌យេហូវ៉ា​តែ​១​អង្គ​ទ្រង់

5 ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង

6 សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ

7 ត្រូវ​ឲ្យ​ប្រិត‌ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង

8 ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សំគាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង

9 ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។

កុំ​បំភ្លេច​ព្រះ‌ជា‌ម្ចាស់​ឡើយ

10 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុបជា​ពួក​អយ្យកោ​ឯង​ថា នឹង​ប្រទាន​ដល់​ឯង គឺ​ជា​ទី​ក្រុង​ធំ​ហើយ​ល្អ ដែល​ឯង​មិន​បាន​សង់

11 ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​ឯង​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​ឯង​មិន​បាន​ជីក ហើយ​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​ឯង​មិន​បាន​ដាំ រួច​ឯង​បាន​បរិភោគ​ឆ្អែត

12 នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

13 ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់

14 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ឯង​ឡើយ

15 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​គង់​នៅ​កណ្តាល​ពួក​ឯង ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ក្រែង​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ក្តៅ​ឡើង​ទាស់​នឹង​ឯង រួច​ទ្រង់​បំផ្លាញ​ឯង​រាល់​គ្នា​ពី​លើ​ផែនដី​នេះ​ចេញ​ទៅ។

16 កុំ​ឲ្យ​ឯង​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសានោះ​ឡើយ

17 ត្រូវ​ឲ្យ​កាន់​អស់​ពី​ចិត្ត តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​សេចក្ដី​បន្ទាល់ និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្គាប់​មក

18 ក៏​ត្រូវ​តែ​ប្រព្រឹត្ត​ការ​ទៀង​ត្រង់ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ថា

19 ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ហើយ។

20 កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ឯង​សួរ​ថា អស់​ទាំង​ទី​បន្ទាល់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្តេច

21 នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា

22 ហើយ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ជា​ធំ ហើយ​វេទនា​ផង ដល់​ពួក​ស្រុក​អេស៊ីព្ទ និង​ផារ៉ោន ព្រម​ទាំង​វង្សា​របស់​ទ្រង់​ផង នៅ​ភ្នែក​យើង​រាល់​គ្នា

23 ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​នឹង​នាំ​ចូល​មក ឲ្យ​បាន​ប្រទាន​ស្រុក​នេះ​មក​យើង ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង

24 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

25 ដូច្នេះ បើ​យើង​ប្រយ័ត្ន និង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​យើង​ហើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34