15 ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺ ដ៏អាក្រក់ណាមួយ របស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ
16 ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។
17 បើសិនជាឯងនឹកក្នុងចិត្តថា សាសន៍ទាំងនេះគេមានគ្នាច្រើនជាងអញ ធ្វើដូចម្តេចឲ្យអញចាប់យកស្រុករបស់គេបាន
18 នោះកុំឲ្យខ្លាចឡើយ ចូរនឹកតែពីអស់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើដល់ផារ៉ោន ហើយដល់ស្រុកអេស៊ីព្ទទាំងមូលប៉ុណ្ណោះចុះ
19 គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ និងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន និងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ ដែលឯងខ្លាចនោះដែរ
20 មួយទៀត ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងចាត់ឪម៉ាល់ទៅកណ្តាលគេ ទាល់តែពួកគេដែលសល់នៅហើយពួននឹងឯង បានវិនាសចេញអស់ទៅ
21 មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ