13 បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯង ក៏បានបរិបូរផង
14 នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
15 ហើយបាននាំឯង ដើរកាត់ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែទ្រង់បានធ្វើឲ្យទឹកចេញពីថ្មយ៉ាងរឹងឲ្យឯង
16 ក៏បានចិញ្ចឹមឯង នៅក្នុងទីរហោស្ថាន ដោយនំម៉ាន៉ាដែលពួកអយ្យកោឯងមិនដែលស្គាល់ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯង ប្រយោជន៍នឹងប្រោសឲ្យឯងបានសេចក្ដីល្អដល់ចុងបំផុត
17 ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ
18 ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងដូចជាមានសព្វថ្ងៃនេះ
19 តែបើឯងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដ៏ទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង