28 ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ និងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។
29 រីឯនៅកណ្តាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង
30 ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ
31 ផារ៉ោនទ្រង់មានព្រះបន្ទូលហៅម៉ូសេ និងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ
32 ចូរនាំទាំងហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឲ្យពរដល់អញផង
33 ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
34 ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ