និក្ខមនំ 17 KHOV

កូន​ចៅ​អ៊ីស្រា‌អែល​ខ្វះ​ទឹក

1 ឯ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ

2 បាន​ជា​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ទឹក​មក​យើង​រាល់​គ្នា​ផឹក​ផង ម៉ូសេ​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​ចង់​ល្បង‌ល​ព្រះ‌យេហូវ៉ា​ធ្វើ​អី

3 នៅ​ទី​នោះ​បណ្តា‌ជន​ក៏​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សំឡាប់​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​យើង​ផង ដោយ​ស្រេក​ទឹក​ដូច្នេះ

4 នោះ​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច​នឹង​ពួក​នេះ គេ​ចង់​ចោល​ទូល‌បង្គំ​នឹង​ថ្ម​ហើយ

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ដើរ​ទៅ​ខាង​មុន​គេ ទាំង​នាំ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ជា​មួយ ហើយ​យក​ដំបង​ដែល​ឯង​បាន​វាយ​ទឹក​ទន្លេ​នោះ ជាប់​នៅ​ដៃ​ផង

6 មើល អញ​នឹង​ឈរ​នៅ​មុខ​ឯង​នៅ​លើ​ថ្មដា​ហូរែប ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល

7 លោក​ឲ្យ​កន្លែង​នោះ​ឈ្មោះ​ថា «ម៉ាសា» ហើយ​នឹង​«មេរីបា» ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា​មើល​ផង ដោយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នៅ​កណ្តាល​ពួក​យើង​រាល់​គ្នា​មែន​ឬ។

8 នោះ​សាសន៍​អាម៉ា‌លេកក៏​មក ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​រេផិឌីម

9 ហើយ​ម៉ូសេ​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​ឯង​ទៅ​កេណ្ឌ​រើស​មនុស្ស​មក ហើយ​ចេញ​ទៅ​ត​ទល់​ជា​មួយ​នឹង​សាសន៍​អាម៉ា‌លេក​ទៅ ថ្ងៃ​ស្អែក​នេះ​អញ​នឹង​កាន់​ដំបង​ព្រះ​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ

10 យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន និង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ

11 បើ​កាល​ណា​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កំឡាំង​ជាង តែ​បើ​កាល​ណា​ម៉ូសេ​ដាក់​ដៃ​សំរាក​ចុះ នោះ​ខាង​សាសន៍​អាម៉ា‌លេក​មាន​កំឡាំង​ជាង​វិញ

12 តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន និង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ​ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច

13 យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌លេក ព្រម​ទាំង​ពល‌ទ័ព​គេ​ដោយ​មុខ​ដាវ

14 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ

15 គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាស‌នា​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»

16 ដោយ​ថា ព្រះ‌យេហូវ៉ា ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្បថ​ថា ទ្រង់​នឹង​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក គ្រប់​ទាំង​ដំណ ត​រៀង​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40