និក្ខមនំ 14 KHOV

កូន​ចៅ​អ៊ីស្រា‌អែល​ឆ្លង​កាត់​សមុទ្រ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល​ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ

3 ផារ៉ោន​នឹង​និយាយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា គេ​បាន​វង្វេង​ជាប់​នៅ​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំវិញ

4 នោះ​អញ​នឹង​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិសព្ទ ដោយ‌សារ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សំរេច​ដូច្នោះ។

5 មាន​គេ​ទូល​ដល់​ស្តេច​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​រួច​ទៅ​ហើយ នោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់​ក៏​ប្រែ​គំនិត​ពី​ដំណើរ​គេ​ឡើង​វិញ ហើយ​ពោល​ថា តើ​យើង​បាន​ធ្វើ​អ្វី នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​រួច​ពី​ការ​បំរើ​យើង​ដូច្នេះ

6 នោះ​ស្រាប់​តែ​ទ្រង់​ទឹម​រាជ‌រថ ព្រម​ទាំង​នាំ​ពួក​ពល​ទៅ​ជា​មួយ​ផង

7 ទ្រង់​រើស​យក​រទេះ​ចំបាំង​បាន​៦០០ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចំបាំង​នៅ​ស្រុក​អេស៊ីព្ទ​ផង គ្រប់​ទាំង​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​ត្រួត‌ត្រា​ការ

8 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង ហើយ​ស្តេច​ក៏​ដេញ​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជំនះ

9 ពួក​សាសន៍​អេស៊ីព្ទ​ក៏​ដេញ​តាម​ទៅ មាន​ទាំង​សេះ​ទាំង​រាជ‌រថ​របស់​ផារ៉ោន ទាំង​ពួក​ពល​សេះ ហើយ​នឹង​ពួក​ពល​ថ្មើរ​ជើង​របស់​ទ្រង់​ទាំង​អស់ បាន​ទាន់​គេ​នៅ​ត្រង់​ទី​ដំឡើង​ត្រសាល ក្បែរ​សមុទ្រ​ដែល​ជិត​នឹង​ពីហា‌ហីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។

10 កាល​ផារ៉ោន​ចូល​ទៅ​ជិត នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា

11 ព្រម​ទាំង​ស្តី​បន្ទោស​ដល់​ម៉ូសេ​ថា តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​រាល់​គ្នា​យ៉ាង​នេះ គឺ​ដែល​នាំ​ពួក​យើង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

12 កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បំរើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បំរើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ

13 តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ

14 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។

15 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ

16 ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ

17 ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ ហើយ​នឹង​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង

18 នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​អស់​ទាំង​រទេះ​ចំបាំង ហើយ​នឹង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។

19 នោះ​ទេវតា​នៃ​ព្រះ​ដែល​បាន​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ

20 ពពក​នោះ​ស្ថិត​នៅ​ជា​កណ្តាល​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​អ៊ីស្រា‌អែល ក៏​ងងឹត​ខាង​ម្ខាង ហើយ​ភ្លឺ​ខាង​ម្ខាង នៅ​វេលា​យប់ បាន​ជា​ពួក​ទាំង​២​នោះ​មិន​បាន​មក​ជិត​គ្នា នៅ​វេលា​យប់​នោះ​ឡើយ

21 នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ ទ្រង់​ធ្វើ​ឲ្យ​ទឹក​បាន​ញែក​ចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅ​ជា​គោក​វិញ

22 រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​គេ

23 ពួក​សាសន៍​អេស៊ីព្ទ​ក៏​ប្រឹង​ដេញ​ចូល​ទៅ ត្រង់​កណ្តាល​សមុទ្រ​តាម​គេ ព្រម​ទាំង​សេះ​ផារ៉ោន និង​រទេះ​ចំបាំង ហើយ​ទាំង​ពល​សេះ​ទ្រង់​ផង

24 នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង

25 ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រា‌អែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។

26 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ និង​ពួក​ទ័ព​សេះ​គេ​ផង

27 នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ដល់​ព្រឹក​ឡើង ទឹក​ក៏​ហូរ​ប្រសព្វ​ចូល​ទៅ នៅ​កន្លែង​ធម្មតា​វិញ ពួក​សាសន៍​អេស៊ីព្ទ​ក៏​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ផ្តួល​គេ​នៅ​កណ្តាល​សមុទ្រ​ទៅ

28 ហើយ​ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ និង​ពួក​ពល​សេះ ហើយ​នឹង​ពល‌ទ័ព​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ

29 តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​នៅ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង។

30 ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ

31 ក៏​បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ផង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40