1 កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
2 រួចអើរ៉ុនតបទៅគេថា ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីឯងរាល់គ្នាយកមកឲ្យអញ
3 នោះគ្រប់គ្នាក៏ដោះយកទៅប្រគល់ឲ្យ
4 ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង ដែលបាននាំឯង ចេញពីស្រុកអេស៊ីព្ទមក
5 កាលអើរ៉ុនបានឃើញរូបគោហើយ នោះក៏សាងអាសនា១នៅមុខរូបនោះ រួចស្រែកប្រកាសថា នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា
6 លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយ ក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយដង្វាយដុត និងដង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
7 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ
8 ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយបានសិតធ្វើរូបកូនគោនាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯងដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
9 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា អញឃើញបណ្តាជននេះ ថាជាពួកមនុស្សមានក្បាលរឹង
10 ដូច្នេះទុកឲ្យអញឥឡូវចុះ ឲ្យសេចក្ដីក្រោធរបស់អញបានឆេះក្តៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឲ្យសូន្យទៅ ហើយនឹងបង្កើតនគរ១យ៉ាងធំពីឯងវិញ។
11 នោះម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្ដីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ
12 ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យ ដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ
13 សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក ហើយនឹងអ៊ីស្រាអែលជាអ្នកបំរើទ្រង់ ដែលទ្រង់បានស្បថនឹងអ្នកទាំងនោះ ដោយព្រះអង្គទ្រង់ថា «អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលអញបានសន្យានឹងឯងថា នឹងឲ្យដល់ពូជឯង ឲ្យគេបានទទួលទុកជាមរដកជារៀងរាបតទៅ»
14 នោះព្រះយេហូវ៉ាទ្រង់ក៏ប្រែព្រះហឫទ័យ លែងគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយចេញទៅ។
15 ម៉ូសេក៏វិលចុះពីលើភ្នំ មានទាំងបន្ទះថ្មនៃសេចក្ដីបន្ទាល់២ផ្ទាំងកាន់ជាប់នៅដៃផង ឯបន្ទះថ្មទាំង២នោះសឹងដ៏មានអក្សរទាំងសងខាង គឺខាងមុខ ហើយខាងខ្នង
16 ជាការដែលព្រះទ្រង់ធ្វើ ហើយអក្សរដែលមាននៅបន្ទះថ្មទាំង២នោះ ក៏ជាអក្សរដែលទ្រង់ឆ្លាក់ដែរ
17 កាលយ៉ូស្វេបានឮសូរសំឡេងរបស់បណ្តាជនទាំងឡាយ ដែលគេនាំគ្នាស្រែកដូច្នោះ នោះក៏ជំរាបម៉ូសេថា មានឮសូរចំបាំងនៅទីដំឡើងត្រសាលហើយ
18 តែម៉ូសេឆ្លើយថា តាមដែលអញឮ នោះមិនមែនជាសូរសំរែកនៃពួកដែលឈ្នះ ឬពួកចាញ់ទេ គឺជាសូរសំឡេងនៃមនុស្សដែលច្រៀងវិញទេតើ
19 លុះកាលលោកបានទៅដល់ជិតទីដំឡើងត្រសាល បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្តៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ
20 រួចលោកយករូបកូនគោដែលគេបានធ្វើនោះទៅដុតនឹងភ្លើង ក៏កិនឲ្យម៉ដ្តបាចចោលទៅលើទឹក ហើយបង្ខំឲ្យពួកកូនចៅអ៊ីស្រាអែលផឹក
21 ម៉ូសេក៏សួរទៅអើរ៉ុនថា តើគេបានធ្វើអ្វីដល់បង បានជាបងឲ្យគេធ្វើបាបដ៏មានទំងន់ដូច្នេះ
22 អើរ៉ុនឆ្លើយថា សូមកុំឲ្យលោកម្ចាស់ខឹងក្តៅឡើយ ដ្បិតទាំងខ្លួនលោកក៏គង់ជ្រាបដែរថា មនុស្សទាំងនេះចូលចិត្តតែខាងផ្លូវបាបទេ
23 គេបានប្រាប់ខ្ញុំថា ចូរធ្វើព្រះឲ្យយើងរាល់គ្នាទៅ ដែលសំរាប់នាំមុខយើង ដ្បិតឯម៉ូសេនោះ ដែលបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
24 ខ្ញុំបានឆ្លើយតបថា ដូច្នេះអ្នកណាដែលមានមាស ចូរឲ្យដោះយកមកចុះ គេក៏ប្រគល់មកខ្ញុំ រួចខ្ញុំនាំទៅបោះចុះក្នុងភ្លើង ស្រាប់តែកើតបានជារូបកូនគោនេះចេញមក។
25 កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំងបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង
26 នោះម៉ូសេក៏ទៅឈរនៅមាត់ទ្វារទីដំឡើងត្រសាលប្រកាសប្រាប់ថា អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរឲ្យមកឯអញចុះ នោះពួកកូនចៅលេវីទាំងអស់ក៏មូលគ្នាមកឯលោក
27 រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន និងមិត្តភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ
28 ពួកកូនចៅលេវីក៏ធ្វើតាមបង្គាប់ម៉ូសេ ហើយនៅថ្ងៃនោះឯង មានបណ្តាជនស្លាប់ប្រហែលជា៣ពាន់នាក់
29 រួចម៉ូសេប្រាប់ថា ចូរអ្នករាល់គ្នាថ្វាយខ្លួនដល់ព្រះយេហូវ៉ានៅថ្ងៃនេះចុះ ដើម្បីឲ្យទ្រង់បានប្រទានពរដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូនបង្កើត ព្រមទាំងបងប្អូនហើយ។
30 ដល់ថ្ងៃស្អែក ម៉ូសេក៏និយាយនឹងបណ្តាជនទាំងឡាយថា ឯងរាល់គ្នាបានធ្វើបាបយ៉ាងធ្ងន់ណាស់ តែអញនឹងឡើងទៅឯព្រះយេហូវ៉ាឥឡូវ ប្រហែលជាអញនឹងធ្វើយ៉ាងណាឲ្យធួននឹងបាប ដើម្បីឲ្យឯងរាល់គ្នាបានរួច
31 ដូច្នេះ ម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសំរាប់ខ្លួនគេ
32 តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ
33 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ឯអ្នកណាដែលបានធ្វើបាបនឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងពីបញ្ជីចេញ
34 ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ
35 រួចព្រះយេហូវ៉ាទ្រង់ចាត់សេចក្ដីវេទនាផ្សេងៗមកលើបណ្តាជន ដោយព្រោះគេបានធ្វើរូបកូនគោដែលអើរ៉ុនសិតឲ្យនោះ។