1 នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ និងចៀមឈ្មោល២ដ៏ឥតខ្ចោះ
2 ហើយយកម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត ធ្វើនំបុ័ងឥតដំបែ និងនំឥតដំបែលាយដោយប្រេង ហើយនឹងនំក្រៀបឥតដំបែប្រោះដោយប្រេង
3 ត្រូវឲ្យដាក់នំទាំងនោះនៅក្នុងកញ្ច្រែង រួចនាំយកមកជាមួយនឹងគោឈ្មោល ព្រមទាំងចៀមឈ្មោលទាំង២
4 ហើយត្រូវនាំអើរ៉ុន និងកូនលោកចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកផ្ងូតគេ
5 ត្រូវយកសំលៀកបំពាក់ទាំងប៉ុន្មានមកបំពាក់ឲ្យ គឺអាវខ្លី អាវវែងនៃអេផូឌ ហើយអេផូឌ និងប្រដាប់បាំងទ្រូងឲ្យអើរ៉ុន ហើយយកខ្សែក្រវាត់របស់អេផូឌមកក្រវាត់ឲ្យដែរ
6 ព្រមទាំងបំពាក់មួយលើក្បាល ហើយដាក់ស្លាកនៃសេចក្ដីបរិសុទ្ធនៅភ្ជាប់នឹងមួកនោះ
7 ត្រូវយកប្រេងមកចាក់លើក្បាល តាំងលោកឡើង
8 រួចត្រូវនាំកូនលោកចូលមកបំពាក់អាវខ្លីឲ្យ
9 ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន និងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
10 រួចត្រូវនាំគោឈ្មោលមក នៅមុខត្រសាលជំនុំ ហើយអើរ៉ុន និងកូនលោក ត្រូវដាក់ដៃលើក្បាលគោនោះ
11 ត្រូវសំឡាប់គោនោះនៅត្រង់មាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា
12 ហើយយកម្រាមដៃជ្រលក់ចុះក្នុងឈាមនោះខ្លះប្រឡាក់នៅស្នែងអាសនា រួចត្រូវចាក់ឈាមទាំងអស់នៅជើងអាសនា
13 ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
14 តែសាច់ និងស្បែក ហើយនឹងលាមកទាំងប៉ុន្មាន នោះត្រូវយកទៅខាងក្រៅទីដំឡើងត្រសាលដុតនៅទីនោះទៅ នោះហើយជាដង្វាយលោះបាប។
15 ត្រូវឲ្យយកចៀមឈ្មោល១មក ហើយអើរ៉ុន និងកូនលោកត្រូវដាក់ដៃលើក្បាលចៀមនោះ
16 ត្រូវសំឡាប់ចៀមនោះ យកឈាមទៅប្រោះនៅគ្រប់ជុំវិញលើអាសនា
17 រួចត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុងទាំងប៉ុន្មាន និងផើងផង យកទៅដាក់លើដុំសាច់ហើយនឹងក្បាល
18 រួចដុតទាំងអស់នៅលើអាសនា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺជាដង្វាយដុតនឹងភ្លើងសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
19 ត្រូវយកចៀម១ទៀតនោះមក ហើយត្រូវឲ្យអើរ៉ុន និងកូនលោកដាក់ដៃលើក្បាល
20 រួចសំឡាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនាជុំវិញ
21 ត្រូវឲ្យយកឈាមខ្លះដែលនៅលើអាសនា និងប្រេងទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់លោក លើពួកកូនលោក និងសំលៀកបំពាក់ពួកកូនលោកផង នោះលោកនឹងបានបរិសុទ្ធ ព្រមទាំងសំលៀកបំពាក់ ហើយពួកកូនលោក និងសំលៀកបំពាក់របស់គេដែរ
22 ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
23 ហើយត្រូវយកនំបុ័ង១ដុំ នំលាយប្រេង១ និងនំក្រៀប១ ពីនំឥតដំបែដែលនៅក្នុងកញ្ច្រែងនៅចំពោះព្រះយេហូវ៉ា
24 ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
25 រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា
26 ត្រូវឲ្យយកទ្រូងចៀម១នោះ ដែលសំរាប់បុណ្យតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នោះនឹងបានជាចំណែកដល់ឯង
27 ឯទ្រូង និងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន និងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង
28 នោះនឹងបានជារបស់ផងអើរ៉ុន ហើយនឹងកូនលោក គឺជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដែលពួកកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះឯងជាដង្វាយលើកចុះឡើង ហើយក្នុងអស់ទាំងដង្វាយមេត្រីដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ នោះដង្វាយលើកចុះឡើងជាដង្វាយសំរាប់ព្រះយេហូវ៉ា។
29 ឯអស់ទាំងសំលៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន នឹងត្រូវទុកឲ្យពួកកូនចៅលោកតរៀងទៅ ឲ្យគេបានស្លៀកពាក់ក្នុងកាលដែលបានចាក់ប្រេងតាំងគេឡើងជាសង្ឃដែរ
30 កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។
31 រួចត្រូវឲ្យយកចៀមឈ្មោល សំរាប់បុណ្យតាំងជាសង្ឃ ទៅស្ងោរនៅកន្លែងបរិសុទ្ធ
32 នោះអើរ៉ុន ព្រមទាំងកូនលោក និងបរិភោគសាច់ចៀម ហើយនឹងនំបុ័ងក្នុងកញ្ច្រែងនៅមាត់ទ្វារត្រសាលជំនុំ
33 ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ
34 បើសិនជាមានសាច់ពីបុណ្យនោះ ឬនំបុ័ងបានសល់នៅដល់ព្រឹកឡើង នោះត្រូវយកសំណល់នោះទៅដុតនឹងភ្លើងទៅ មិនត្រូវបរិភោគឡើយ ដ្បិតជារបស់បរិសុទ្ធ។
35 ត្រូវធ្វើបុណ្យនេះគ្រប់៧ថ្ងៃ ដើម្បីនឹងតាំងអើរ៉ុន និងពួកកូនលោកឡើងធ្វើជាសង្ឃ តាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់
36 រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ
37 ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។
38 រីឯដង្វាយ ដែលត្រូវថ្វាយនៅលើអាសនារាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២ អាយុ១ខួប
39 កូនចៀម១ត្រូវថ្វាយក្នុងពេលព្រឹក ហើយ១ទៀតក្នុងពេលល្ងាច
40 ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង និងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
41 លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
42 នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង
43 អញនឹងមកជួបនឹងពួកកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ
44 អញនឹងញែកត្រសាលជំនុំ ហើយនឹងអាសនាចេញជាបរិសុទ្ធ ព្រមទាំងអើរ៉ុន និងពួកកូនលោកដែរ ដើម្បីឲ្យអ្នកទាំងនោះបានធ្វើការងារជាសង្ឃដល់អញ
45 យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឲ្យគេ
46 ដូច្នេះគេនឹងដឹងថា អញជាព្រះយេហូវ៉ា ជាព្រះដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបាននៅកណ្តាលគេ គឺអញនេះហើយជាយេហូវ៉ា ជាព្រះនៃគេ។