និក្ខមនំ 21 KHOV

វិន័យ​សំរាប់​អ្នក​បំរើ​សាសន៍​ហេព្រើរ

1 នេះ​ជា​មាត្រា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ។

2 បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ

3 បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា

4 បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅ‌ហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

5 តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ

6 នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ​បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅ‌ហ្វាយ​ជា​ដរាប​ទៅ។

7 បើ​មនុស្ស​ណា​លក់​កូន​ស្រី ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បំរើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ

8 បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

9 តែ​បើ​គាត់​បាន​យក​មក​បំរុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី

10 បើ​បាន​យក​សំរាប់​ខ្លួន​ឯង រួច​ទៅ​យក​ប្រពន្ធ​១​ទៀត នោះ​មិន​ត្រូវ​បន្ថយ​អាហារ ឬ​សំលៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្ដី​ចេញ​ពី​ប្រពន្ធ​ដើម​សោះ​ឡើយ

11 តែ​បើ‌សិន​ជា​គាត់​មិន​ធ្វើ​តាម​សេចក្ដី​ទាំង​៣​ប្រការ​នេះ​ដល់​នាង​ទេ នោះ​នាង​នឹង​ត្រូវ​ចេញ​បាន​ទទេ ឥត​សង​ប្រាក់​អ្វី​ឡើយ។

កំហុស​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់

12 អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន

13 តែ​បើ​មិន​បាន​លប​វាយ​ទេ គឺ​ដោយ​ព្រះ​បាន​ឲ្យ​គេ​ស្លាប់ ដោយ‌សារ​ដៃ​អ្នក​នោះ​វិញ នោះ​អញ​នឹង​តាំង​ឲ្យ​មាន​កន្លែង​១ ដែល​អ្នក​នោះ​នឹង​រត់​ទៅ​ទី​ពឹង​បាន

14 ប៉ុន្តែ​បើ‌សិន​ជា​អ្នក​ណា​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន​ចំពោះ​អ្នក​ជិត​ខាង ទាំង​សំឡាប់​ដោយ​ឧបាយ‌កល នោះ​ទោះ​បើ​បាន​ចូល​ទៅ​ទី​ពឹង​ដល់​អាស‌នា​អញ​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​នាំ​ចេញ​ទៅ​សំឡាប់​ដែរ។

15 ឯ​អ្នក​ណា​ដែល​វាយ​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

16 ហើយ​អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

17 ឯ​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ដល់​ឪពុក​ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ចេញ​ជា​មិន​ខាន​ដែរ។

ច្បាប់​ស្តី​អំពី​ការ​ធ្វើ​ឲ្យ​គេ​របួស

18 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ

19 បើ‌សិន​ជា​អ្នក​រង​គ្រោះ​នោះ​ក្រោក​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ក្រៅ​បាន នោះ​អ្នក​ដែល​បាន​វាយ​នឹង​បាន​រួច តែ​ត្រូវ​សង​បំពេញ​ការ​គេ ហើយ​ត្រូវ​មើល​គេ ទាល់​តែ​បាន​ជា​ស្រឡះ​ដែរ។

20 បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ជា​មិន​ខាន

21 ប៉ុន្តែ​បើ​បាវ​នោះ​រស់​នៅ​បាន​២​ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។

22 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សំរេច​ឲ្យ

23 ប៉ុន្តែ​បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ

24 ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

25 រលាក​ឲ្យ​ធួន​នឹង​រលាក របួស​ឲ្យ​ធួន​នឹង​របួស ជាំ​ឲ្យ​ធួន​នឹង​ជាំ​ដែរ។

26 បើ​អ្នក​ណា​វាយ​ត្រូវ​ភ្នែក​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្លួន​ឲ្យ​ខ្វាក់ នោះ​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ ដោយ​ព្រោះ​ភ្នែក

27 ហើយ​បើ​វាយ​បំបាក់​ធ្មេញ​បាវ​ប្រុស​បាវ​ស្រី នោះ​ក៏​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ​ដែរ ដោយ​ព្រោះ​ធ្មេញ។

28 បើ​គោ​ណា​ជល់​មនុស្ស​ប្រុស ឬ​ស្រី ដល់​ស្លាប់ នោះ​ត្រូវ​ចោល​គោ​នោះ​សំឡាប់​នឹង​ថ្ម​ជា​មិន​ខាន ហើយ​មិន​ត្រូវ​ទាំង​ស៊ី​សាច់​វា​ផង ឯ​ម្ចាស់​វា​ត្រូវ​រួច​ខ្លួន​វិញ

29 ប៉ុន្តែ​បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស​ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សំឡាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ

30 តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

31 ទោះ​បើ​បាន​ជល់​ដល់​កូន​ប្រុស​ឬ​កូន​ស្រី​ក្តី ក៏​ត្រូវ​ឲ្យ​ជំនុំ‌ជំរះ​តាម​ច្បាប់​នេះ​ដែរ

32 តែ​បើ​គោ​នោះ​បាន​ជល់​ដល់​បាវ​ប្រុស​ឬ​បាវ​ស្រី​គេ​វិញ នោះ​ត្រូវ​សង​តែ​ប្រាក់​៣០​រៀល​ទៅ​ចៅ‌ហ្វាយ​វា​បាន​ហើយ ឯ​រូប​គោ​ត្រូវ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ។

33 បើ​អ្នក​ណា​បើក​អណ្តូង ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​នោះ

34 នោះ​ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ដល់​ម្ចាស់​វា​តាម​ដំឡៃ​សត្វ រួច​សត្វ​ស្លាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង​វិញ។

35 បើ​គោ​របស់​អ្នក​ណា​ជល់​គោ​គេ​ឲ្យ​ស្លាប់ នោះ​គេ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​សាច់​គោ​ស្លាប់​ក៏​ត្រូវ​ចែក​គ្នា​ដែរ

36 តែ​បើ​ម្ចាស់​ដឹង​ថា គោ​នោះ​ធ្លាប់​ជល់​ពី​ដើម​មក ហើយ​មិន​បាន​បង្ខាំង​ទុក នោះ​ត្រូវ​សង​ជា​គោ​ឲ្យ​ធួន​នឹង​គោ​ជា​មិន​ខាន រួច​គោ​ស្លាប់​នឹង​បាន​មក​ខ្លួន​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40