និក្ខមនំ 34 KHOV

បន្ទះ​ថ្ម​ថ្មី

1 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​បន្ទះ​ថ្ម​២​ពី​មុន នោះ​អញ​នឹង​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ ដូច​បាន​កត់​នៅ​បន្ទះ​ថ្ម​ពី​មុន​នោះ ដែល​ឯង​បាន​បំបែក​ហើយ

2 ចូរ​រៀប‌ចំ​ជា​ស្រេច​ឲ្យ​ទាន់​ពេល​ព្រលឹម រួច​ឡើង​មក​ឯ​លើ​ភ្នំ​ស៊ី‌ណាយ​នៅ​ពេល​ព្រឹក ហើយ​ឈរ​ចំពោះ​អញ​នៅ​លើ​កំពូល​ភ្នំ

3 កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា​មួយ​នឹង​ឯង​ឡើយ ក៏​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម​ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ

4 នោះ​លោក​ក៏​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង ឲ្យ​ដូច​ជា​ថ្ម​ទាំង​២​ពី​មុន​នោះ រួច​លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ព្រម​ទាំង​យក​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង។

5 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​ចុះ​មក​ក្នុង​ពពក​ស្ថិត​នៅ​ជិត​លោក ព្រម​ទាំង​ប្រកាស​ពី​ព្រះ​នាម «យេហូវ៉ា» ផង

6 ទ្រង់​យាង​កាត់​នៅ​មុខ​លោក​ទាំង​ប្រកាស​ថា យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ

7 ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង និង​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ ទ្រង់​ធ្វើ​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក ទៅ​ដល់​កូន​ចៅ​ដល់​៣​ហើយ​៤​ដំណ​ផង។

8 នោះ​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឱន​ខ្លួន ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ

9 រួច​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​ទ្រង់​ពិត នោះ​សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ដ្បិត​មនុស្ស​ទាំង​នេះ​មាន​ក្បាល​រឹង​ណាស់ ហើយ​សូម​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​ផង សូម​ទទួល​យើង​រាល់​គ្នា​ទុក​ជា​មរដក​របស់​ទ្រង់។

ព្រះ‌អម្ចាស់​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី

10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​តាំង​សេចក្ដី​សញ្ញា​ថា នៅ​មុខ​ជន‌ជាតិ​ឯង​ទាំង​អស់​គ្នា នោះ​អញ​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​នៅ​អស់​ទាំង​នគរ​គ្រប់​លើ​ផែនដី ហើយ​អស់​ទាំង​សាសន៍​ដែល​ឯង​នៅ​កណ្តាល​នោះ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​អញ​នឹង​ប្រោស​ដល់​ឯង នោះ​ជា​ការ​គួរ​ស្ញែង​ខ្លាច

11 ចូរ​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ចុះ មើល អញ​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​ទៅ

12 ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​ស្រុក​ដែល​ឯង​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​វិញ

13 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រំលំ​អាសនា​របស់​គេ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ ហើយ​បំផ្លាញ​អ្នក‌តា​របស់​គេ​ចេញ

14 ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា​ទៀត​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​ពិត

15 ក្រែង‌លោ​ឯង​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នោះ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​គេ នោះ​ក៏​ហៅ​ឯង​ទៅ​បរិភោគ​យញ្ញ‌បូជា​ដែរ

16 ហើយ​ក្រែង​ឯង​នឹង​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង រួច​កូន​ស្រី​គេ​ទៅ​ផិត​តាម​ព្រះ​គេ នោះ​នឹង​ទាញ​នាំ​កូន​ឯង​ឲ្យ​ផិត​តាម​ព្រះ​គេ​ដែរ

17 កុំ​ឲ្យ​សិត​រូប​ព្រះ​សំរាប់​ឯង​ឲ្យ​សោះ។

18 លុះ​ដល់​កំណត់​នៅ​ខែ​ចេត្រ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​ឯង​ហើយ ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នោះ​ហើយ ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

19 អស់​ទាំង​កូន​ដែល​កើត​ពី​ម្តាយ​មក មុន​គេ​បង្អស់ នោះ​ជា​របស់​ផង​អញ ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ឯង​ទាំង​ប៉ុន្មាន ដែល​ជា​ឈ្មោល​ផង ទោះ​បើ​ជា​គោ ឬ​ជា​ចៀម​ក្តី

20 ឯ​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ឲ្យ​លោះ​កូន​ចៀម​១ តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​ទៅ ឯ​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ឯង នោះ​ត្រូវ​តែ​លោះ​ជា​កុំ​ខាន ហើយ​មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​អញ​ឡើយ។

21 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​ចុះ តែ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឈប់​សំរាក​វិញ ទោះ​បើ​នៅ​រដូវ​ភ្ជួរ‌រាស់ ឬ​រដូវ​ច្រូត​កាត់​ក្តី ក៏​ត្រូវ​ឈប់​សំរាក​ដែរ។

22 ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចំរូត​ស្រូវ‌សាលី និង​បុណ្យ​ប្រមូល​ផល ដល់​ចុង​ឆ្នាំ​ដែរ

23 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង គេ​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌អម្ចាស់​៣​ដង​ក្នុង​១​ឆ្នាំ គឺ​មក​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

24 ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។

25 កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។

26 ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​ឯង នោះ​ត្រូវ​នាំ​ចូល ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។កុំ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

27 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​នឹង​ពួក​អ៊ីស្រា‌អែល​តាម​ន័យ​ពាក្យ​ទាំង​នេះ

28 លោក​ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។

ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ី‌ណាយ

29 រួច​កាល​ម៉ូសេ​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ី‌ណាយ មក​វិញ ព្រម​ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់ ទាំង​២​ផ្ទាំង នៅ​ដៃ​មក​ផង នោះ​កំពុង​ដែល​ចុះ​មក លោក​ឥត​បាន​ដឹង​ជា​ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​ទូល​នឹង​ទ្រង់​នោះ​ទេ

30 លុះ​អើរ៉ុន និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឃើញ​លោក នោះ​ឃើញ​ស្បែក​មុខ​លោក​ភ្លឺ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​លោក​ឡើយ

31 តែ​ម៉ូសេ​ហៅ​គេ​ឲ្យ​មក នោះ​អើរ៉ុន និង​អស់​ទាំង​មេ​ពួក​ជំនុំ​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​លោក​បាន​និយាយ​នឹង​គេ

32 រួច​មក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចូល​មក​ជិត​ទាំង​អស់​គ្នា ហើយ​លោក​បាន​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ

33 លោក​បាន​យក​ស្បៃ​មក​បាំង​មុខ​ដរាប​ដល់​ឈប់​និយាយ​នឹង​គេ

34 តែ​កាល​ណា​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​នឹង​ទ្រង់ នោះ​លោក​បក​ស្បៃ​ចេញ​វិញ ដរាប​ដល់​ចេញ​មក លុះ​ចេញ​មក​វិញ​ហើយ នោះ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក

35 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​មើល​មុខ​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ បាន​ជា​លោក​យក​ស្បៃ​មក​បាំង​មុខ​ទៀត ទាល់​តែ​ចូល​ទៅ​ទូល​នឹង​ទ្រង់​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40