1 ឯបេតសាលាល គាត់ធ្វើហឹប ពីឈើនាងនួន មានបណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថកន្លះ
2 ក៏ស្រោបដោយមាសសុទ្ធទាំងខាងក្នុងខាងក្រៅ ហើយធ្វើគែមមាសនៅជុំវិញផង
3 គាត់សិតកងមាស៤នៅជ្រុងហឹបទាំង៤ គឺមាន២ម្ខាងៗ
4 ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបមាសផង
5 រួចគាត់ព្រហកឈើស្នែងនោះ ចូលក្នុងកង នៅសងខាងហឹបសំរាប់នឹងសែងទៅ
6 គាត់ធ្វើទីសន្តោសប្រោសពីមាសសុទ្ធ មានបណ្តោយ២ហត្ថកន្លះ ហើយទទឹង១ហត្ថកន្លះ
7 ក៏យកមាសឆ្លាក់ធ្វើចេរូប៊ីន២នៅចុងសងខាងទីសន្តោសប្រោស
8 គឺចេរូប៊ីន១នៅចុងខាងនេះ ហើយចេរូប៊ីន១ទៀតនៅចុងខាងនោះ គាត់បានធ្វើចេរូប៊ីនទាំង២នោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស
9 ឯចេរូប៊ីនក៏ត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។
10 គាត់ធ្វើតុពីឈើនាងនួន មានបណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
11 ក៏ស្រោបមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញ
12 គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើគែមមាសនៅជុំវិញដែរ
13 គាត់សិតកងមាស៤សំរាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់នឹងជើងតុទាំង៤ នៅគ្រប់ជ្រុង
14 កងទាំងនោះនៅជិតគែមតុ សំរាប់នឹងព្រហកឈើស្នែងសែងទៅ
15 ក៏ធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស សំរាប់នឹងសែងតុ
16 ឯអស់ទាំងប្រដាប់ដែលត្រូវដាក់លើតុ គឺជាថាស ផ្តិល ប៉ាន់ ហើយនឹងពែងដែលសំរាប់នឹងថ្វាយដង្វាយច្រួច នោះគាត់ធ្វើពីមាសសុទ្ធទាំងអស់។
17 គាត់ក៏យកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កា ទាំងអស់ជាប់ជាមួយគ្នា
18 មានមែក៦ចេញពីគល់មក មែក៣ចេញខាងម្ខាង ហើយមែក៣ទៀតចេញខាងម្ខាង
19 នៅមែក១មាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ហើយនៅមែក១ទៀតមាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់នឹងផ្កាដែរ មែកទាំង៦ ដែលចេញពីគល់ជើងចង្កៀងនោះ បានធ្វើដូចគ្នាទាំងអស់
20 នៅគល់ជើងចង្កៀង មាននប់៤ រាងដូចជាគ្រាប់ចំបក់ ហើយមានទាំងកន្សោមគ្រាប់ និងផ្កាផង
21 នៅក្រោមមែក២ មានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត មានកន្សោមគ្រាប់១ ហើយនៅក្រោមមែក២ទៀត មានកន្សោមគ្រាប់១ទៀត មែកទាំង៦ដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់
22 កន្សោមគ្រាប់ ហើយនឹងមែកជើងចង្កៀងបានធ្វើជាប់គ្នាឆ្លាក់ពីមាសសុទ្ធ
23 គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ និងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ
24 គឺគាត់យកមាសសុទ្ធ១ហាបមកធ្វើជើងចង្កៀង ហើយនឹងប្រដាប់ទាំងប៉ុន្មានសំរាប់ចង្កៀង។
25 គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ
26 គាត់ស្រោបដោយមាសសុទ្ធខាងលើ នៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ក៏ធ្វើកែមមាសនៅជុំវិញដែរ
27 នៅក្រោមកែមនោះ គាត់ធ្វើកងមាស២នៅទាំងសងខាង សំរាប់ព្រហកឈើស្នែងសែងទៅ
28 ក៏ធ្វើឈើស្នែង ពីឈើនាងនួន ស្រោបដោយមាសដែរ។
29 រួចគាត់ធ្វើប្រេងចាក់លាប ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបយ៉ាងសុទ្ធ ផ្សំតាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប។