1 រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្តាលឲ្យចិត្តទ្រង់ និងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ
2 ហើយឲ្យឯងបាននិទានប្រាប់ដល់កូនចៅឯងពីការដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ និងពីទីសំគាល់ទាំងប៉ុន្មានដែលអញបានសំដែងនៅក្នុងពួកគេ យ៉ាងនោះ ឯងនឹងបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត
3 នោះម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត
4 បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក
5 វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រិល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង
6 វានឹងចូលពេញក្នុងផ្ទះឯង និងផ្ទះរបស់ពួកបំរើឯង ហើយនឹងផ្ទះនៃពួកសាសន៍អេស៊ីព្ទទាំងអស់ដែរ ដល់ម៉្លេះបានជាឪពុក និងពួកអយ្យកោឯងរាល់គ្នាមិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ នោះលោកក៏ថយចេញពីផារ៉ោនទៅ
7 ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។
8 មានគេនាំម៉ូសេ និងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានព្រះបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ
9 ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា
10 នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នា និងកូនចៅឯងទៅដែរ តែចូរប្រយ័ត្ន ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា
11 ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។
12 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលសល់អំពីព្រិលមក
13 ម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់ ពីខាងកើត បក់មកលើស្រុកនោះ អស់១ថ្ងៃ១យប់ លុះដល់ព្រឹកឡើងក៏បក់ដោយទាំងកណ្តូបមកផង
14 កណ្តូបឡើងមកគ្របលើស្រុកអេស៊ីព្ទទាំងមូល ក៏ទំនៅពេញគ្រប់ទាំងព្រំស្រុក វានាំឲ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ
15 ដ្បិតវាមកគ្របពេញពីលើដី ដល់ម៉្លេះបានជាស្រុកត្រឡប់ទៅជាងងឹត វាក៏ស៊ីដំណាំទាំងអស់នៅក្នុងស្រុក ហើយនឹងអស់ទាំងផ្លែឈើ ដែលរួចអំពីព្រិលមក គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅវាលគ្រប់ក្នុងស្រុកអេស៊ីព្ទឡើយ។
16 នោះផារ៉ោន ទ្រង់ហៅម៉ូសេ និងអើរ៉ុន មកជាប្រញាប់ប្រាប់ថា អញបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយនឹងឯងរាល់គ្នាដែរ
17 ដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្តងចុះ ហើយសូមអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដើម្បីឲ្យទ្រង់បន្ថយសេចក្ដីស្លាប់នេះ ចេញពីអញទៅ
18 លោកក៏ថយចេញពីផារ៉ោនទៅសូមអង្វរដល់ព្រះយេហូវ៉ា
19 នោះទ្រង់ក៏ធ្វើឲ្យមានខ្យល់ពីខាងលិចយ៉ាងខ្លាំង បក់កៀរកណ្តូបទំលាក់ទៅក្នុងសមុទ្រក្រហមអស់ទៅ គ្មានសល់កណ្តូបណាមួយនៅគ្រប់ក្នុងស្រុកអេស៊ីព្ទទៀតឡើយ
20 តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
21 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ
22 លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ
23 គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ។
24 ឯផារ៉ោន ទ្រង់មានព្រះបន្ទូលហៅម៉ូសេមក ប្រាប់ថា ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ឲ្យទុកតែហ្វូងចៀម ហើយនឹងហ្វូងគោឯងរាល់គ្នាប៉ុណ្ណោះ ចូរយកទាំងកូនតូចៗទៅជាមួយផង
25 តែម៉ូសេប្រកែកថា ទេ ត្រូវឲ្យទ្រង់ប្រទានសត្វ សំរាប់ជាយញ្ញបូជា និងដង្វាយដុត មកយើងខ្ញុំ ឲ្យយើងខ្ញុំបានរៀបថ្វាយព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំផង
26 យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនត្រូវនៅសល់ សូម្បីតែក្រចកសត្វណាមួយផង ព្រោះយើងខ្ញុំត្រូវយកពីហ្វូងសត្វនោះ និងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងជាត្រូវយកអ្វី ដើម្បីថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានដល់ទៅទីនោះ
27 តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ
28 ផារ៉ោនក៏មានព្រះបន្ទូលទៅលោកថា ថយចេញពីអញទៅ ចូរប្រយ័ត្ន កុំឲ្យមកនៅមុខអញទៀតឡើយ ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់
29 ម៉ូសេក៏ទូលឆ្លើយថា បន្ទូលនោះត្រូវណាស់ ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ។