1 ក្រោយនោះមក ម៉ូសេ និងអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យរាស្ត្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន
2 តែផារ៉ោនមានព្រះបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ និងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ
3 នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះសូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង
4 តែស្តេចស្រុកអេស៊ីព្ទទ្រង់មានព្រះបន្ទូលតបថា នែម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ។
5 ផារ៉ោនទ្រង់ក៏មានព្រះបន្ទូលថា មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឲ្យគេឈប់ពីការគេចេញដូច្នេះ។
6 នៅថ្ងៃនោះឯងផារ៉ោនទ្រង់បង្គាប់ដល់ពួកមេដំរួតលើជនទាំងឡាយ ហើយនឹងពួកនាយថា
7 ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ
8 តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ
9 ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។
10 ពួកមេដំរួតលើពួកជន និងពួកនាយ ក៏ទៅប្រាប់ដល់គេថា ផារ៉ោនទ្រង់មានព្រះបន្ទូលដូច្នេះថា អញលែងបើកចំបើងឲ្យឯងរាល់គ្នាហើយ
11 ចូរទៅរកចំបើងដោយខ្លួនឯងនៅកន្លែងណាដែលរកបានចុះ ប៉ុន្តែការរបស់ឯងរាល់គ្នា នោះមិនត្រូវបន្ថយសូម្បីដល់បន្តិចបន្តួចឡើយ
12 ដូច្នេះ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយ ទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង
13 ពួកមេដំរួតក៏ពោលបង្ខំថា ចូរឯងរាល់គ្នាធ្វើបង្ហើយការរបស់ឯងដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាកាលមានចំបើងពីដើមមកដែរ
14 គេក៏វាយពួកមេនៃកូនចៅអ៊ីស្រាអែល ដែលពួកមេដំរួតរបស់ផារ៉ោនបានតាំងលើបណ្តាជន ហើយសួរថា ហេតុអ្វីបានជាពីម្សិលមិញហើយថ្ងៃនេះ ឯងរាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចអំពីដើមមក។
15 នោះពួកមេរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅស្រែកដល់ផារ៉ោនថា ហេតុអ្វីបានជាទ្រង់ប្រព្រឹត្តនឹងយើងខ្ញុំជាពួកបំរើទ្រង់យ៉ាងដូច្នេះ
16 ដ្បិតគេមិនឲ្យចំបើងដល់យើងខ្ញុំជាពួកបំរើទ្រង់ទៀតទេ ហើយគេប្រាប់យើងខ្ញុំថា ចូរខំធ្វើឥដ្ឋទៅ គេក៏វាយយើងខ្ញុំជាពួកបំរើទ្រង់ដែរ តែគឺពួកទ្រង់ទេ ដែលធ្វើខុសនោះ
17 ទ្រង់ឆ្លើយតបថា ឯងរាល់គ្នាជាមនុស្សកំជិល គឺឯងខ្ជិលទេ បានជានិយាយថា សូមបើកឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
18 ដូច្នេះចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការវិញឥឡូវចុះ ដ្បិតគេមិនត្រូវឲ្យចំបើងដល់ឯងរាល់គ្នាទេ តែត្រូវឲ្យឯងធ្វើឥដ្ឋនោះឲ្យគ្រប់ចំនួនកុំខាន
19 ឯពួកមេរបស់កូនចៅអ៊ីស្រាអែល កាលគេឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ខ្លួនជាមនុស្សជាប់សេចក្ដីវេទនាហើយ
20 គេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេ ហើយនឹងអើរ៉ុន ដែលកំពុងតែឈរចាំ
21 ក៏និយាយថា សូមឲ្យព្រះយេហូវ៉ាពិចារណា ហើយជំនុំជំរះអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យយើងរាល់គ្នាស្អុយកេរនៅចំពោះផារ៉ោន និងពួកមហាតលិកទ្រង់ ព្រមទាំងដាក់ដាវនៅដៃគេឲ្យសំឡាប់យើងរាល់គ្នាផង។
22 នោះម៉ូសេ គាត់ត្រឡប់ទៅឯព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្តាជននេះដូច្នេះ តើទ្រង់បានចាត់ទូលបង្គំមកធ្វើអី
23 ដ្បិតតាំងតែពីទូលបង្គំចូលទៅទូលផារ៉ោន ដោយនូវព្រះនាមទ្រង់ នោះផារ៉ោនចេះតែធ្វើបាបដល់បណ្តាជននេះ ហើយទ្រង់សោត ក៏មិនបានប្រោសដល់រាស្ត្រទ្រង់ឲ្យរួចផងដែរ។