និក្ខមនំ 15 KHOV

បទ​ចំរៀង​របស់​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល

1 រួច​ពី​នោះ​មក ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់

3 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចំបាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា

4 ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ និង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម

5 អស់​ទាំង​ទី​ជំរៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម

6 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ

7 គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង

8 ហើយ​ដោយ‌សារ​កំឡាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជំរៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ

9 ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ

10 តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

12 ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ

13 ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី

14 គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

15 ពួក​មេ​នៃ​សាសន៍​អេដំម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត

16 សេចក្ដី​ស្ញែង‌ខ្លាច​នឹង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀប‌ចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង

18 ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សោយ​រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​កល្ប‌ជានិច្ច

19 ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។

20 ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង

21 ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។

ប្រភព​ទឹក​ម៉ារ៉ា

22 ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ

23 កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ម៉ារ៉ា

24 បណ្តា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក

25 លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើម​ឈើ​១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ នៅ​ទី​នោះ​ទ្រង់​បាន​តែង​ជា​ច្បាប់ និង​បញ្ញត្ត​សំរាប់​គេ ព្រម​ទាំង​ល្បង​គេ​ដែរ

26 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។

27 គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​១២ មាន​លម៉ើ​៧០​ដើម​ផង ហើយ​គេ​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ ជិត​កន្លែង​ទឹក។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40