21 នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ
22 រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងគេ
23 ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញចូលទៅ ត្រង់កណ្តាលសមុទ្រតាមគេ ព្រមទាំងសេះផារ៉ោន និងរទេះចំបាំង ហើយទាំងពលសេះទ្រង់ផង
24 នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនឹងពពក ទៅឃើញពួកពលទ័ពសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឲ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង
25 ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ។
26 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ និងពួកទ័ពសេះគេផង
27 នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយដល់ព្រឹកឡើង ទឹកក៏ហូរប្រសព្វចូលទៅ នៅកន្លែងធម្មតាវិញ ពួកសាសន៍អេស៊ីព្ទក៏នាំគ្នារត់ចេញពីទឹក ប៉ុន្តែព្រះយេហូវ៉ាទ្រង់ផ្តួលគេនៅកណ្តាលសមុទ្រទៅ