10 ក៏ពោលថា សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឲ្យរួចពីក្រោមអំណាចសាសន៍អេស៊ីព្ទផង
11 ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
12 រួចយេត្រូជាឪពុកក្មេកម៉ូសេ លោកយកដង្វាយដុត និងយញ្ញបូជាទៅថ្វាយដល់ព្រះ ហើយអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរ។
13 ដល់ថ្ងៃស្អែកឡើង ម៉ូសេអង្គុយជំនុំជំរះរឿងឲ្យបណ្តាជនទាំងឡាយ ឯបណ្តាជនទាំងអស់ក៏ឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច
14 កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការ ដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯង តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ
15 ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ
16 កាលណាគេមានរឿងអ្វី នោះគេតែងមកឯងខ្ញុំ ហើយខ្ញុំវិនិច្ឆ័យឲ្យគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់របស់ព្រះផង