5 យេត្រូ ឪពុកក្មេកម៉ូសេ និងកូនទាំង២ ព្រមទាំងប្រពន្ធម៉ូសេ ក៏នាំគ្នាមកឯលោកនៅទីរហោស្ថាន ត្រង់កន្លែងដែលដំឡើងត្រសាលនៅជើងភ្នំនៃព្រះ
6 យេត្រូក៏ផ្តាំទៅម៉ូសេថា អញ យេត្រូជាឪពុកក្មេកឯងបានមកដល់ហើយ បាននាំទាំងប្រពន្ធ និងកូនឯងទាំង២មកជាមួយផង
7 ដូច្នេះម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក៏ក្រាបសំពះហើយថើបលោក រួចលោកសាកសួរគ្នាទៅវិញទៅមកពីសេចក្ដីសុខទុក្ខ ហើយនាំគ្នាចូលទៅក្នុងត្រសាល
8 ឯម៉ូសេលោកចាប់តាំងរ៉ាយរឿងប្រាប់ឪពុកក្មេក ពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែល និងពីសេចក្ដីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ ហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឲ្យរួចទាំងអស់
9 យេត្រូក៏មានសេចក្ដីអំណរ ដោយអស់ទាំងសេចក្ដីល្អ ដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកអ៊ីស្រាអែល ដោយទ្រង់បានជួយឲ្យគេរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ
10 ក៏ពោលថា សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឲ្យរួចពីក្រោមអំណាចសាសន៍អេស៊ីព្ទផង
11 ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា