11 ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ា ទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ
12 ត្រូវឲ្យឯងដាក់កំណត់គោលចារឹកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត្ន កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន
13 នឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេ គឺអ្នកនោះនឹងត្រូវចោលនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរ កាលណាផ្លុំស្នែងឮសូរវែង នោះត្រូវឲ្យគេចូលមកជិតភ្នំ
14 ម៉ូសេក៏ចុះពីលើភ្នំមកឯពួកជនរាល់គ្នាវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកខោអាវគ្រប់គ្នា
15 រួចលោកបង្គាប់គេថា ចូរអ្នករាល់គ្នារៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ចុះ កុំឲ្យទៅជិតស្ត្រីឯណាឲ្យសោះ។
16 លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា
17 នោះម៉ូសេលោកនាំគេចេញពីទីដំឡើងត្រសាលទៅជួបនឹងព្រះ គេឈរដំរៀបគ្នានៅទីជើងភ្នំ