15 រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសំឡាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។
16 រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក
17 តែពួកគង្វាលចៀមគេមកបណ្តេញនាងទាំងនោះវិញ នោះម៉ូសេក៏ក្រោកឡើងជួយរាំងរានាង រួចយកទឹកទៅឲ្យហ្វូងសត្វផឹក
18 លុះកាលនាងទាំងនោះទៅដល់រេហួលជាឪពុកខ្លួន នោះលោកសួរថា ថ្ងៃនេះដូចម្តេចបានជាឯងរាល់គ្នាត្រឡប់មកជាឆាប់ម៉្លេះ
19 នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសំរាប់ហ្វូងសត្វដែរ
20 លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន
21 ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ