1 ទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯង និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា ហើយឲ្យថ្វាយបង្គំពីចំងាយ
2 ត្រូវឲ្យម៉ូសេតែម្នាក់ឯងចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវឲ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងឡើងមកជាមួយផង។
3 នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនឹងបញ្ញត្តទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមក។
4 ម៉ូសេក៏កត់អស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅស្អាងអាសនា១នៅជើងភ្នំ ហើយក៏បញ្ឈរថ្ម១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២
5 រួចលោកចាត់ពួកកំឡោះៗ ជាកូនចៅពួកអ៊ីស្រាអែលឲ្យទៅថ្វាយដង្វាយដុត ហើយនឹងសំឡាប់គោឈ្មោលថ្វាយជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា
6 លោកក៏យកឈាមពាក់កណ្តាលដាក់ក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនា
7 រួចយកសៀវភៅសញ្ញាមកអានមើលឲ្យបណ្តាជនស្តាប់ គេក៏ឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ចំពូកផង