8 ដូច្នេះម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ។
9 បន្ទាប់នោះម៉ូសេក៏ឡើងទៅ នាំទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ផង
10 គេក៏បានឃើញព្រះនៃសាសន៍អ៊ីស្រាអែល ហើយនៅក្រោមព្រះបាទទ្រង់មានដូចជាកំរាលធ្វើពីត្បូងកណ្តៀងស្រឡះត្រចះដូចផ្ទៃមេឃ
11 តែទ្រង់មិនបានដាក់ព្រះហស្តលើពួកកូនចៅអ៊ីស្រាអែលដ៏មានត្រកូលខ្ពស់ទាំងនោះទេ គេបានឃើញព្រះអង្គ រួចក៏នាំគ្នាបរិភោគភោជន៍។
12 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រឹត្យវិន័យ ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សំរាប់នឹងបង្រៀនដល់បណ្តាជន
13 នោះម៉ូសេ និងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ
14 លោកបង្គាប់ដល់ពួកចាស់ទុំថា ចូរអ្នករាល់គ្នារង់ចាំយើងនៅទីនេះចុះ ទំរាំយើងត្រឡប់មកវិញ មើល មានអើរ៉ុន និងហ៊ើរ នៅជាមួយនឹងអ្នករាល់គ្នាហើយ បើអ្នកណាកើតមានវិវាទទាស់ទែងគ្នា នោះត្រូវចូលមកសួរលោកចុះ។