3 ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ
4 ឯសំលៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ នោះគឺប្រដាប់បាំងទ្រូង១ អេផូឌ១ អាវវែង១ អាវខ្លីប៉ាក់១ មួក១ ហើយនឹងខ្សែក្រវាត់១
5 ត្រូវឲ្យយកមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ដើម្បីធ្វើសំលៀកបំពាក់បរិសុទ្ធទាំងនោះ សំរាប់អើរ៉ុន បងឯង និងឲ្យកូនលោកផង ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ។
6 ត្រូវឲ្យធ្វើអេផូឌពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ
7 ត្រូវមានខ្សែស្មា២ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា
8 ឯខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសំរាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
9 រួចត្រូវយកថ្មអូនីក្ស២ដុំ ធ្លាក់ចុះអស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល