2 អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ
3 ឯងនឹងឡើងទៅឯស្រុក១ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ តែអញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឲ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង។
4 កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាជាមនុស្សមានក្បាលរឹង បើអញឡើងទៅកណ្តាលឯងរាល់គ្នាតែ១ភ្លែត នោះនឹងធ្វើឲ្យវិនាសអស់ហើយ ដូច្នេះចូរឯងរាល់គ្នាដោះគ្រឿងលំអពីខ្លួនចេញឥឡូវ ដើម្បីឲ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា
6 នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលំអទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប។
7 ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ
8 កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ