1 ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ
2 ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ
3 កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ
4 នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំង ឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។
5 ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង
6 ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ ជាបរិបូរ
7 ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។