18 រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
19 សសរទាំង៤ និងជើងទាំង៤សំរាប់រនាំងក៏ធ្វើពីលង្ហិន ឯទំពក់ និងគន្លឹះនោះបានធ្វើពីប្រាក់វិញ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ
20 ចំណែកអស់ទាំងចំរ៉ឹង សំរាប់រោងឧបោសថ និងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
21 នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្ដីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី
22 ឯបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា គាត់បានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
23 មានទាំងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ក្នុងពូជអំបូរដាន់មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងការចំឡាក់ ហើយខាងបង្កើតការថ្មី និងខាងធ្វើសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត
24 ឯមាសទាំងប៉ុន្មានដែលគេបានថ្វាយសំរាប់នឹងប្រើធ្វើអស់ទាំងការស្អាងទីបរិសុទ្ធ នោះមានចំនួន២៩ហាប៧៣០ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ