5 នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកអយ្យកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។
6 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញឃើញមានកើតឃ្លង់សដូចហិមៈ
7 រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ
8 ទ្រង់មានព្រះបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសំគាល់មុន នោះគេនឹងជឿដោយសារទីសំគាល់ក្រោយនេះដែរ
9 តែបើគេមិនជឿទីសំគាល់ទាំង២នេះទេ ហើយមិនព្រមស្តាប់តាមឯងផង នោះត្រូវឲ្យយកទឹកទន្លេមកចាក់លើដីគោក រួចទឹកដែលឯងយកពីទន្លេមក នោះនឹងត្រឡប់ទៅជាឈាមនៅលើដីវិញ។
10 ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង
11 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ