19 នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក។
20 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ
21 បើមិនព្រមឲ្យគេចេញទៅទេ នោះមើលអញនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើឯង លើពួកបំរើឯង ពួករាស្ត្រឯង ហើយនៅក្នុងផ្ទះទាំងប៉ុន្មានរបស់ឯងរាល់គ្នាផង បណ្តាផ្ទះនៃពួកសាសន៍អេស៊ីព្ទនឹងបានពេញដោយរុយទាំងអស់ ព្រមទាំងដីដែលគេអាស្រ័យនៅដែរ
22 តែនៅថ្ងៃនោះ អញនឹងញែកស្រុកកូសែនដែលរាស្ត្រអញនៅមិនឲ្យមានរុយឡើយ ដើម្បីឲ្យឯងដឹងថា អញជាព្រះយេហូវ៉ាដ៏នៅកណ្តាលផែនដីនេះ
23 អញនឹងផ្តាច់រាស្ត្រអញ និងរាស្ត្រឯងឲ្យដាច់ចេញពីគ្នា ឯទីសំគាល់នេះនឹងកើតឡើងនៅវេលាថ្ងៃស្អែក
24 ព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះមានរុយទាំងហ្វូង ដែលនាំឲ្យវេទនាចិត្ត មកក្នុងដំណាក់ផារ៉ោន ក្នុងផ្ទះពួកមហាតលិកទ្រង់ ហើយពេញក្នុងស្រុកអេស៊ីព្ទផង រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតទៅ។
25 នោះផារ៉ោន ទ្រង់ហៅម៉ូសេ និងអើរ៉ុនមកប្រាប់ថា ចូរឯងរាល់គ្នាទៅថ្វាយយញ្ញបូជា ដល់ព្រះនៃឯង នៅក្នុងស្រុកនេះចុះ