6 អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ
7 ឯពួកគ្រូក៏ធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។
8 នោះផារ៉ោនទ្រង់ហៅម៉ូសេ និងអើរ៉ុនមកមានព្រះបន្ទូលថា សូមឲ្យអង្វរដល់ព្រះយេហូវ៉ា ឲ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
9 ម៉ូសេក៏ទូលផារ៉ោនថា ទ្រង់មានអំណាចស្រាប់ហើយ ដូច្នេះសូមបង្គាប់ទូលបង្គំចុះ តើចង់ឲ្យទូលបង្គំអង្វរជំនួសទ្រង់ និងពួកមហាតលិក ហើយនឹងរាស្ត្រទ្រង់ក្នុងពេលណា ដើម្បីឲ្យកង្កែបបានត្រូវវិនាសចេញពីចំពោះទ្រង់ និងពួកដំណាក់ទ្រង់ទៅ ឲ្យមានតែនៅក្នុងទន្លេវិញ
10 នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
11 នោះកង្កែបនឹងថយចេញពីទ្រង់ ពីដំណាក់ទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ និងមានសល់នៅតែក្នុងទន្លេប៉ុណ្ណោះ
12 ម៉ូសេ និងអើរ៉ុនក៏ចេញពីផារ៉ោនទៅ រួចម៉ូសេបានអំពាវនាវដល់ព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលទ្រង់បាននាំមកលើផារ៉ោននោះ