ចោទិយ‌កថា 1:23-29 KHOV

23 សេចក្ដី​នោះ​ក៏​បាន​គាប់​ចិត្ត​អញ​ណាស់​ដែរ ដូច្នេះ​អញ​បាន​រើស​យក​មនុស្ស​១២​នាក់​ក្នុង​ពួក​ឯង​រាល់​គ្នា គឺ​ម្នាក់ៗ​ពី​ពូជ​អំបូរ​មួយៗ

24 អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែស‌កុល ទាំង​សង្កេត​មើល

25 គេ​ក៏​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ព្រម​ទាំង​ប្រាប់​ដំណឹង​ដល់​យើង​ថា ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ប្រទាន​មក​យើង នោះ​ជា​ស្រុក​ល្អ​ណាស់

26 ប៉ុន្តែ​ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ

27 ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ

28 តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ

29 នោះ​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ភ័យ‌ស្លុត ឬ​ខ្លាច​គេ​ឡើយ