27 ហើយបានរទូរទាំ នៅក្នុងត្រសាលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់ស្អប់យើងរាល់គ្នាហើយ បានជាទ្រង់នាំយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍អាម៉ូរី ឲ្យបំផ្លាញយើងទៅ
28 តើយើងនឹងឡើងទៅឯណា ដ្បិតបងប្អូនយើងទាំងនេះ បានរំលាយចិត្តយើង ដោយពាក្យថា សាសន៍នោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ ឯទីក្រុងរបស់គេក៏ធំណាស់ ហើយមានកំផែងខ្ពស់ដល់មេឃផង ១ទៀត យើងបានឃើញពួកកូនចៅអ័ណាក់នៅស្រុកនោះដែរ
29 នោះអញបានប្រាប់ដល់ឯងរាល់គ្នាថា កុំឲ្យភ័យស្លុត ឬខ្លាចគេឡើយ
30 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់
31 ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើរ រហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន
32 តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត
33 ដែលទ្រង់បាននាំមុខឯងតាមផ្លូវដើម្បីនឹងរកទីកន្លែងឲ្យឯងដំឡើងត្រសាល គឺដោយភ្លើងនៅពេលយប់ សំរាប់បង្ហាញផ្លូវដែលឯងត្រូវដើរ ហើយដោយពពកនៅពេលថ្ងៃដែរ។