36 ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក
37 ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
38 ឯយ៉ូស្វេជាកូននុន ដែលឈរនៅមុខឯង នោះនឹងចូលទៅវិញដូច្នេះ ចូរកំឡាចិត្តគាត់ឡើង ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមរដក
39 ហើយកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា នឹងទៅជារំពាគេ ព្រមទាំងកូនចៅឯងរាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះនឹងបានចូលទៅវិញ អញនឹងឲ្យស្រុកនោះដល់គេ ហើយគេនឹងបានស្រុកនោះ ជាកេរអាករ
40 តែឥឡូវនេះ ចូរឲ្យឯងរាល់គ្នាធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញទៅ។
41 នោះឯងរាល់គ្នាបានឆ្លើយមកអញថា យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះយើងនឹងឡើងទៅច្បាំង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃយើងបានបង្គាប់មក រួចឯងរាល់គ្នាបានក្រវាត់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា រៀបចំនឹងឡើងទៅឯស្រុកភ្នំនោះដោយក្លៀវក្លា
42 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា ចូរហាមកុំឲ្យគេឡើងទៅច្បាំងឡើយ ដ្បិតអញមិននៅជាមួយនឹងឯងរាល់គ្នាទេ ក្រែងឯងត្រូវពួកខ្មាំងសត្រូវវាយឈ្នះ