ចោទិយ‌កថា 1:37-43 KHOV

37 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ

38 ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មរដក

39 ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ ជា​កេរ‌អាករ

40 តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។

41 នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា រៀប‌ចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវ‌ក្លា

42 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ

43 ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង