ចោទិយ‌កថា 1:41-46 KHOV

41 នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា រៀប‌ចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវ‌ក្លា

42 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ

43 ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង

44 រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា

45 នោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​មក​យំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្តាប់​សំឡេង​ឯង​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ផង

46 ដូច្នេះ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ត្រង់​កាដេស​ជា​យូរ​ថ្ងៃ តាម​ចំនួន​ថ្ងៃ​ដែល​ត្រូវ​នៅ​ទី​នោះ។