42 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា ចូរហាមកុំឲ្យគេឡើងទៅច្បាំងឡើយ ដ្បិតអញមិននៅជាមួយនឹងឯងរាល់គ្នាទេ ក្រែងឯងត្រូវពួកខ្មាំងសត្រូវវាយឈ្នះ
43 ដូច្នេះអញក៏ប្រាប់ដល់ឯងរាល់គ្នា តែឯងមិនបានស្តាប់តាមសោះ គឺបានទាស់ទទឹងនឹងបង្គាប់នៃព្រះយេហូវ៉ាវិញ ក៏ឡើងទៅក្នុងស្រុកភ្នំនោះ ដោយមានចិត្តអួតអាង
44 រួចសាសន៍អាម៉ូរីដែលនៅភ្នំនោះ ក៏ចេញមកទាស់នឹងឯង ដេញតាមឯងដូចជាឃ្មុំ ព្រមទាំងវាយផ្តួលនៅត្រង់ស្រុកសៀរ រហូតទៅដល់ភ្នំហោម៉ា
45 នោះឯងរាល់គ្នាបានត្រឡប់មកយំ នៅចំពោះព្រះយេហូវ៉ាវិញ តែព្រះយេហូវ៉ាទ្រង់មិនបានស្តាប់សំឡេងឯងទេ ក៏មិនបានផ្ទៀងព្រះកាណ៌ទ្រង់មកផង
46 ដូច្នេះឯងរាល់គ្នាបានអាស្រ័យនៅត្រង់កាដេសជាយូរថ្ងៃ តាមចំនួនថ្ងៃដែលត្រូវនៅទីនោះ។