3 ដូច្នេះអញបានធ្វើហឹប១ពីឈើនាងនួន ហើយដាប់ថ្ម២ផ្ទាំង ដូចជាថ្មមុន រួចក៏ឡើងទៅលើភ្នំ មានទាំងថ្ម២ផ្ទាំងនោះកាន់នៅដៃផង
4 នោះទ្រង់ក៏កត់ចុះនៅបន្ទះថ្មនោះ តាមសេចក្ដីដែលបានកត់ពីលើកមុន គឺជាក្រឹត្យទាំង១០ប្រការ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីកណ្តាលភ្លើងមកឯងរាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃដែលបានប្រជុំគ្នានោះ រួចព្រះយេហូវ៉ាទ្រង់បានប្រទានថ្មទាំង២មកអញវិញ
5 អញក៏វិលចុះពីភ្នំមកដាក់ថ្មទាំង២ផ្ទាំងទៅក្នុងហឹប ដែលអញបានធ្វើ ហើយ ថ្មនោះក៏នៅតែក្នុងហឹប ដូចជាព្រះយេហូវ៉ាបានបង្គាប់មកអញ។
6 ឯពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះអើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង
7 គេធ្វើដំណើរពីនោះ ទៅដល់គុតកូថា ហើយពីគុតកូថាទៅដល់យ៉ុតបាថា ជាស្រុកដែលមានស្ទឹង
8 នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
9 ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានមានព្រះបន្ទូលហើយ។