5 អញក៏វិលចុះពីភ្នំមកដាក់ថ្មទាំង២ផ្ទាំងទៅក្នុងហឹប ដែលអញបានធ្វើ ហើយ ថ្មនោះក៏នៅតែក្នុងហឹប ដូចជាព្រះយេហូវ៉ាបានបង្គាប់មកអញ។
6 ឯពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះអើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង
7 គេធ្វើដំណើរពីនោះ ទៅដល់គុតកូថា ហើយពីគុតកូថាទៅដល់យ៉ុតបាថា ជាស្រុកដែលមានស្ទឹង
8 នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
9 ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានមានព្រះបន្ទូលហើយ។
10 នោះអញក៏បាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ដូចជាកាលមុនដំបូង ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមអញនៅជាន់នោះដែរ គឺទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញឯងទេ
11 ទ្រង់មានព្រះបន្ទូលមកអញថា ចូរក្រោកឡើងដើរនាំមុខបណ្តាជនចុះ ឲ្យគេបានចូលទៅ ចាប់យកស្រុកដែលអញបានស្បថនឹងពួកអយ្យកោ ថានឹងឲ្យដល់គេ។