1 ដូច្នេះ ត្រូវឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយរក្សាបញ្ញើទ្រង់ ព្រមទាំងច្បាប់ និងបញ្ញត្តហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានរបស់ទ្រង់ ជាដរាបទៅ
2 ហើយនៅថ្ងៃនេះ ត្រូវឲ្យឯងរាល់គ្នាដឹងការដែលពួកកូនចៅឯងរាល់គ្នាមិនបានឃើញ ហើយពុំអាចនឹងដឹងបានឡើយ គឺជាការផ្ចាញ់ផ្ចាលរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង និងតេជានុភាពរបស់ទ្រង់ ហើយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុ ដែលលើកសំរេចរបស់ទ្រង់ផង
3 ព្រមទាំងទីសំគាល់ និងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ និងស្រុករបស់ទ្រង់ទាំងមូលដែរ
4 ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ និងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហម ហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ
5 ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ