ចោទិយ‌កថា 11:24-30 KHOV

24 គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច

25 គ្មាន​មនុស្ស​ណា​មួយ​នឹង​អាច​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ស្រុក​ទាំង​មូល​ដែល​ឯង​រាល់​គ្នា​ទៅ​ជាន់​នោះ ឲ្យ​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​ឲ្យ​ស្ញែង‌ខ្លាច​ចំពោះ​ឯង​រាល់​គ្នា ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ។

26 មើល នៅ​ថ្ងៃ​នេះ អញ​ដាក់​ព្រះ​ពរ ហើយ​នឹង​សេចក្ដី​បណ្តាសា សំញែង​នៅ​មុខ​ឯង​រាល់​គ្នា

27 បើ​ឯង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ

28 តែ​បើ​មិន​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែល​ពី​ដើម​មិន​បាន​ស្គាល់​វិញ នោះ​ឯង​នឹង​ត្រូវ​បណ្តាសា​ហើយ។

29 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​សេចក្ដី​បណ្តាសា​ពី​លើ​ភ្នំ​អេបាល

30 (ភ្នំ​ទាំង​២​នោះ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នាយ គឺ​ទិស​ខាង​ថ្ងៃ​លិច នា​ស្រុក​របស់​ពួក​សាសន៍​កាណាន ត្រង់​ស្រុក​វាល ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​របស់​ម៉ូរេ)