3 ព្រមទាំងទីសំគាល់ និងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ និងស្រុករបស់ទ្រង់ទាំងមូលដែរ
4 ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ និងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហម ហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ
5 ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ
6 ហើយនឹងការដែលទ្រង់បានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាមជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងពួកផ្ទះ និងត្រសាលរបស់គេ ហើយនឹងគ្រប់ទាំងមនុស្ស ក្នុងពួកសាសន៍អ៊ីស្រាអែលដែលតាមគេនោះផង
7 ដ្បិតភ្នែកឯងរាល់គ្នាបានឃើញការដ៏ធំ ដែលព្រះយេហូវ៉ាបានធ្វើទាំងអស់ហើយ
8 ដូច្នេះត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក ដែលឯងនឹងឆ្លងទៅយកនោះបាន
9 ហើយដើម្បីឲ្យបានជីវិតយូរអង្វែងតទៅនៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានស្បថ និងឲ្យដល់ពួកអយ្យកោឯង ហើយដល់ពូជគេតរៀងទៅ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។