ចោទិយ‌កថា 11:9-15 KHOV

9 ហើយ​ដើម្បី​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ហើយ​ដល់​ពូជ​គេ​ត​រៀង​ទៅ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។

10 ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប និង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ

11 ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ​មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ

12 ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។

13 បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

14 នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ និង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន

15 អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សំរាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។