ចោទិយ‌កថា 12:10-16 KHOV

10 តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សំរាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ និង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ

11 នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង

12 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​អរ​សប្បាយ​ឡើង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯង និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​នៅ​ជា​មួយ​នឹង​ឯង​ទេ

13 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ

14 គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បង្គាប់​មក។

15 ប៉ុន្តែ​ឯង​មាន​ច្បាប់​នឹង​សំឡាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត និង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស និង​ប្រើស​ដែរ

16 ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ