16 ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ
17 តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង និងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
18 ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វី ដែលឯងលូកដៃទៅចាប់យកបាន
19 ចូរប្រយ័ត្នកុំឲ្យលះចោលពួកលេវីឡើយ រហូតដល់គ្រប់១ជីវិត ដែលឯងរស់នៅក្នុងស្រុកឯង។
20 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
21 បើសិនជាកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
22 ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា