4 ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ និងស្តាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង
5 ឯហោរា ឬអ្នកយល់សប្តិនោះត្រូវតែសំឡាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបំរើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯងនឹងបានបំបាត់សេចក្ដីអាក្រក់ចេញពីពួកឯងទៅ។
6 បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដ៏ទៃវិញ ជាព្រះដែលឯង ឬពួកអយ្យកោឯងមិនដែលបានស្គាល់សោះ
7 គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
8 នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ
9 ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល
10 ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក