2 ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយព្រះយេហូវ៉ាទ្រង់បានរើសឯងពីអស់ទាំងសាសន៍ដែលនៅផែនដី ទុកជាសាសន៍របស់ផងទ្រង់។
3 មិនត្រូវឲ្យឯងបរិភោគរបស់អ្វី ដែលគួរខ្ពើមឡើយ
4 នេះជាសត្វទាំងប៉ុន្មានដែលបរិភោគបាន គឺគោ ចៀម ពពែ
5 ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយពពែភ្នំ
6 ហើយគ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជា២ ហើយដែលទំពាអៀងផង ក្នុងអស់ទាំងពួកសត្វនោះនឹងបរិភោគបាន
7 ប៉ុន្តែក្នុងបណ្តាសត្វដែលទំពាអៀង ឬដែលមានក្រចកឆែកនោះ មិនត្រូវឲ្យបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ពីព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា
8 ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។