ចោទិយ‌កថា 15:12-18 KHOV

12 បើ​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​ឯង ដែល​ជា​សាសន៍​ហេព្រើរ គេ​លក់​ខ្លួន​មក​ឯង ក៏​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ នោះ​ដល់​ឆ្នាំ​ទី​៧ ត្រូវ​ឲ្យ​លែង​គេ​ចេញ​ឲ្យ​រួច​ទៅ​ទទេ

13 ហើយ​កាល​ណា​លែង​ឲ្យ​ទៅ នោះ​មិន​ត្រូវ​ឲ្យ​គេ​ទៅ​ដោយ​ដៃ​ទទេ​ឡើយ

14 គឺ​ត្រូវ​ផ្គត់‌ផ្គង់​ឲ្យ​គេ​ពី​ហ្វូង​ចៀម ពី​ទីលាន ហើយ​ពី​ធុង​ឃ្នាប​របស់​ឯង​ដោយ​សទ្ធា​វិញ ត្រូវ​ឲ្យ​ដល់​គេ​តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង

15 ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ថា ពី​ដើម​ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ឯង​មក ហេតុ​នោះ​ហើយ បាន​ជា​អញ​បង្គាប់​ដល់​ឯង​ដូច្នេះ​នៅ​ថ្ងៃ​នេះ

16 ប៉ុន្តែ​បើ‌សិន​ជា​គេ​និយាយ​នឹង​ឯង​ថា ខ្ញុំ​មិន​ព្រម​ចេញ​ពី​អ្នក​ទៅ​ទេ គឺ​ដោយ​គេ​ស្រឡាញ់​ឯង និង​ផ្ទះ​ឯង ហើយ​ដោយ​ព្រោះ​គេ​នៅ​ជា​ស្រួល​នឹង​ឯង​ផង

17 នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ​មក ចោះ​ត្រចៀក​គេ​ផ្ទាប់​នៅ​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង​ជា​ដរាប​ត​ទៅ ហើយ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច្នោះ​នឹង​បាវ​ស្រី​ឯង​ដែរ

18 មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក ដោយ​លែង​ឲ្យ​គេ​ទៅ​ទទេ​ឡើយ ដ្បិត​គេ​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ ជា​ការ​បំរើ​លើស​ជាង​ការ​របស់​ជើង​ឈ្នួល​១​ជា​២​ផង ដូច្នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​ដែរ។