ចោទិយ‌កថា 15:15-21 KHOV

15 ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ថា ពី​ដើម​ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ឯង​មក ហេតុ​នោះ​ហើយ បាន​ជា​អញ​បង្គាប់​ដល់​ឯង​ដូច្នេះ​នៅ​ថ្ងៃ​នេះ

16 ប៉ុន្តែ​បើ‌សិន​ជា​គេ​និយាយ​នឹង​ឯង​ថា ខ្ញុំ​មិន​ព្រម​ចេញ​ពី​អ្នក​ទៅ​ទេ គឺ​ដោយ​គេ​ស្រឡាញ់​ឯង និង​ផ្ទះ​ឯង ហើយ​ដោយ​ព្រោះ​គេ​នៅ​ជា​ស្រួល​នឹង​ឯង​ផង

17 នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ​មក ចោះ​ត្រចៀក​គេ​ផ្ទាប់​នៅ​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង​ជា​ដរាប​ត​ទៅ ហើយ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច្នោះ​នឹង​បាវ​ស្រី​ឯង​ដែរ

18 មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក ដោយ​លែង​ឲ្យ​គេ​ទៅ​ទទេ​ឡើយ ដ្បិត​គេ​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ ជា​ការ​បំរើ​លើស​ជាង​ការ​របស់​ជើង​ឈ្នួល​១​ជា​២​ផង ដូច្នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​ដែរ។

19 ក្នុង​ហ្វូង​គោ​ហ្វូង​ចៀម​របស់​ឯង នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​ជា​ដំបូង​ចេញ ទុក​ជា​បរិសុទ្ធ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​យក​កូន​ដែល​កើត​ជា​ដំបូង​ពី​មេ​គោ​ឯង ទៅ​ប្រើ​ធ្វើ​ការ​អ្វី ឬ​កាត់​រោម​របស់​កូន​ដែល​កើត​ជា​ដំបូង ពី​មេ​ចៀម​ឯង​នោះ​ឡើយ

20 រាល់​តែ​ឆ្នាំ ត្រូវ​ឲ្យ​ឯង និង​ពួក​ផ្ទះ​ឯង​បរិភោគ​សត្វ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស

21 បើ​សត្វ​នោះ​មាន​ស្លាក​ស្នាម​អ្វី គឺ​បើ​ខ្ញើច ឬ​ខ្វាក់ ឬ​មាន​ខ្ចោះ​អាក្រក់​ត្រង់​ណា​ក្តី នោះ​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ