16 ប៉ុន្តែបើសិនជាគេនិយាយនឹងឯងថា ខ្ញុំមិនព្រមចេញពីអ្នកទៅទេ គឺដោយគេស្រឡាញ់ឯង និងផ្ទះឯង ហើយដោយព្រោះគេនៅជាស្រួលនឹងឯងផង
17 នោះត្រូវឲ្យយកដែកចោះមក ចោះត្រចៀកគេផ្ទាប់នៅទ្វារ រួចគេនឹងធ្វើជាបាវបំរើឯងជាដរាបតទៅ ហើយត្រូវឲ្យឯងធ្វើដូច្នោះនឹងបាវស្រីឯងដែរ
18 មិនត្រូវឲ្យមានចិត្តពិបាក ដោយលែងឲ្យគេទៅទទេឡើយ ដ្បិតគេបាននៅបំរើឯងអស់៦ឆ្នាំហើយ ជាការបំរើលើសជាងការរបស់ជើងឈ្នួល១ជា២ផង ដូច្នេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ក្នុងគ្រប់ការដែលឯងធ្វើដែរ។
19 ក្នុងហ្វូងគោហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោល ដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ
20 រាល់តែឆ្នាំ ត្រូវឲ្យឯង និងពួកផ្ទះឯងបរិភោគសត្វនោះនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងរើស
21 បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
22 ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបានទោះទាំងអ្នកស្អាត និងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ